Read លោកុប្បត្តិ Chapter 24 Online
Read លោកុប្បត្តិ Chapter 24 online from the Holy Bible. This chapter is part of the Book of លោកុប្បត្តិ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of លោកុប្បត្តិ and the Holy Bible online.
Choose a Chapter
លោកុប្បត្តិ 24
ជំពូក 24
1. ឯអ័ប្រាហាំគាត់ចាស់ណាស់ហើយ មានអាយុវែង ហើយព្រះយេហូវ៉ាទ្រង់បានប្រទានពរដល់គាត់ក្នុងគ្រប់ការទាំងអស់
2. នោះអ័ប្រាហាំនិយាយទៅបាវ ជាអ្នកចាស់ជាងគេក្នុងផ្ទះ ដែលត្រួតត្រាលើរបស់ទ្រព្យទាំងអស់ថា ចូរឯងដាក់ដៃនៅក្រោមភ្លៅអញ
3. អញនឹងឲ្យឯងស្បថនឹងព្រះយេហូវ៉ាជាព្រះនៃស្ថានសួគ៌ ហើយជាព្រះនៃផែនដីថា ឯងនឹងមិនយកប្រពន្ធឲ្យកូនអញពីពួកកូនស្រីសាសន៍កាណាន ដែលអញនៅកណ្តាលគេនេះឡើយ
4. គឺត្រូវឲ្យឯងទៅឯស្រុកអញ និងយកប្រពន្ធឲ្យអ៊ីសាកជាកូនអញ ពីញាតិសន្តានអញវិញ
5. បាវនោះក៏ឆ្លើយទៅគាត់ថា ប្រហែលជាស្ត្រីនោះមិនព្រមតាមខ្ញុំមកស្រុកនេះទេ បើដូច្នេះ តើត្រូវឲ្យខ្ញុំនាំកូនលោកត្រឡប់ទៅនៅស្រុកដែលលោកបានចោលនោះឬអី
6. អ័ប្រាហាំប្រាប់ថា ចូរឯងប្រយ័ត កុំឲ្យនាំកូនអញត្រឡប់ទៅឯណោះវិញឡើយ
7. ព្រះយេហូវ៉ាជាព្រះនៃស្ថានសួគ៌ ដែលបានយកអញចេញពីផ្ទះឪពុកអញ ហើយពីស្រុកកំណើតរបស់អញមក ដែលទ្រង់បានមានព្រះបន្ទូលនឹងអញ ទាំងស្បថថា អញនឹងឲ្យស្រុកនេះដល់ពូជឯង ព្រះអង្គនោះទ្រង់នឹងចាត់ទេវតាទ្រង់ទៅមុនឯង ដូច្នេះ ឯងនឹងបានយកប្រពន្ធពីនោះមកឲ្យកូនអញហើយ
8. បើស្ត្រីនោះមិនព្រមមកតាមឯងទេ នោះឯងនឹងបានរួចពីសម្បថដែលឯងស្បថនឹងអញនេះ ប៉ុន្តែ កុំឲ្យឯងនាំកូនអញទៅឯណោះឡើយ
9. នោះបាវបានដាក់ដៃក្រោមភ្លៅអ័ប្រាហាំចៅហ្វាយខ្លួន ហើយក៏ស្បថនឹងគាត់ពីដំណើរនោះ។
10. បាវនោះក៏យកអូដ្ឋ១០ពីហ្វូងអូដ្ឋរបស់ចៅហ្វាយខ្លួនចេញទៅ ពីព្រោះទ្រព្យសម្បត្តិទាំងប៉ុន្មានរបស់ចៅហ្វាយគាត់ ក៏នៅក្រោមអំណាចគាត់ទាំងអស់ គាត់ក្រោកឡើងទៅឯស្រុកអើរ៉ាមដែលនៅកណ្តាលទន្លេទាំង២ គឺដល់ទីក្រុងរបស់ណាឃរ
11. គាត់ឲ្យសត្វអូដ្ឋលុតជង្គង់នៅខាងក្រៅទីក្រុងជិតអណ្តូងទឹក នៅពេលល្ងាច គឺជាពេលដែលពួកស្រីៗធ្លាប់ចេញមកដងទឹក
12. រួចក៏ទូលថា ឱព្រះយេហូវ៉ាជាព្រះនៃអ័ប្រាហាំចៅហ្វាយទូលបង្គំអើយ នៅថ្ងៃនេះ សូមប្រោសមេត្តាដល់ទូលបង្គំ សូមសម្ដែងសេចក្ដីសប្បុរសដល់អ័ប្រាហាំ ជាចៅហ្វាយទូលបង្គំផង
13. មើល ទូលបង្គំឈរនៅជិតអណ្តូងទឹកនេះ ដូច្នេះ កាលណាពួកកូនស្រីរបស់មនុស្សក្នុងក្រុងនេះចេញមកដងទឹក
14. នោះនាងក្រមុំណាដែលទូលបង្គំនិយាយថា សូមនាងដាក់ក្អមចុះមកឲ្យខ្ញុំផឹកផង ហើយនាងនោះនឹងឆ្លើយមកថា អញ្ជើញពិសាចុះ ខ្ញុំនឹងដងទឹកឲ្យអូដ្ឋផឹកដែរ សូមឲ្យត្រូវត្រង់រូបស្ត្រីនោះឯង ដែលទ្រង់តម្រូវឲ្យអ៊ីសាកជាអ្នកបម្រើទ្រង់ យ៉ាងនោះទូលបង្គំនឹងដឹងថា ទ្រង់បានសម្ដែងសេចក្ដីសប្បុរសចំពោះចៅហ្វាយទូលបង្គំមែន។
15. កាលគាត់កំពុងតែអធិស្ឋានមិនទាន់ផុតនៅឡើយ នោះស្រាប់តែរេបិកាកណ្តៀតក្អមចេញមក នាងនោះជាកូនបេធូអែល ដែលជាកូនមីលកា ប្រពន្ធណាឃរ ជាប្អូនអ័ប្រាហាំ
16. នាងមានរូបស្រស់បស់ល្អណាស់ ក៏នៅក្រមុំសុទ្ធ គ្មានប្រុសណាបានស្គាល់នាងឡើយ នាងចុះទៅក្នុងអណ្តូងដងទឹកពេញក្អម រួចឡើងមកវិញ
17. បាវនោះក៏រត់ទៅស្ទាក់ផ្លូវនាង ហើយនិយាយថា នាង សូមឲ្យខ្ញុំសុំទឹកពីក្អមនាងផឹកបន្តិចសិន
18. រួចនាងឆ្លើយថា ចាស៎អញ្ជើញពិសាចុះ លោកម្ចាស់ ហើយនាងក៏ដាក់ក្អមចុះមកជាប្រញាប់ឲ្យគាត់ផឹក
19. កាលនាងបានឲ្យគាត់ផឹករួចហើយ នោះនាងនិយាយថា ខ្ញុំនឹងដងឲ្យអូដ្ឋរបស់លោកផឹកទាល់តែឆ្អែតដែរ
20. នោះនាងក៏ចាក់ទឹកពីក្នុងក្អមចុះទៅក្នុងស្នូកជា១រំពេច រួចរត់ទៅដងថែមទៀត យកមកឲ្យអូដ្ឋគាត់ផឹកទាំងអស់
21. បាវនោះសម្លឹងមើលនាងទាំងមានសេចក្ដីអស្ចារ្យ តែគាត់នៅស្ងៀម ដោយចង់ដឹង បើព្រះយេហូវ៉ានឹងធ្វើឲ្យដំណើរគាត់ដើរមកនោះបានសម្រេចការឬទេ
22. កាលអូដ្ឋបានផឹកឆ្អែតអស់ហើយ នោះគាត់ក៏យកក្រវិលមាសទំងន់១ជី និងកងដៃ២ជុំ ទំងន់២០ជីឲ្យដល់នាង
23. ហើយសួរថា នាងជាកូនអ្នកណា សូមប្រាប់ខ្ញុំផង ហើយនៅផ្ទះឪពុកនាង តើមានកន្លែងណាល្មមឲ្យខ្ញុំស្នាក់នៅបានឬទេ
24. នាងឆ្លើយថា ខ្ញុំជាកូនបេធូអែល គឺជាចៅណាឃរ និងមីលកា
25. រួចនាងឆ្លើយទៅគាត់ទៀតថា នៅផ្ទះខ្ញុំមានចំបើង និងស្មៅជាបរិបូរ ហើយកន្លែងសម្រាប់ស្នាក់នៅក៏មានដែរ
26. បាវនោះក៏ឱនខ្លួនថ្វាយបង្គំដល់ព្រះយេហូវ៉ា
27. ដោយទូលថា សូមឲ្យព្រះយេហូវ៉ាជាព្រះនៃអ័ប្រាហាំចៅហ្វាយទូលបង្គំ ដែលទ្រង់មិនបានខាននឹងផ្តល់សេចក្ដីសប្បុរស និងសេចក្ដីស្មោះត្រង់ដល់ចៅហ្វាយទូលបង្គំបានប្រកបដោយព្រះពរ ឯទូលបង្គំសោត ក៏ព្រះយេហូវ៉ាទ្រង់នាំផ្លូវមកដល់ផ្ទះពួកបងប្អូនរបស់ចៅហ្វាយទូលបង្គំហើយ
28. នាងក៏រត់ទៅប្រាប់ដំណើរនោះដល់ពួកផ្ទះម្តាយខ្លួន។
29. រេបិកាមានបងប្រុស១ឈ្មោះឡាបាន់ ហើយឡាបាន់ក៏រត់ទៅឯបាវនោះនៅឯក្រៅត្រង់អណ្តូង
30. កាលគាត់ឃើញក្រវិល និងកងដែលប្អូនពាក់នៅដៃ ហើយបានឮសេចក្ដីទាំងប៉ុន្មានដែលរេបិកាជាប្អូនបានប្រាប់ពីអ្នកនោះថា គាត់បាននិយាយនឹងខ្ញុំយ៉ាងនេះមួយៗ នោះក៏ចេញទៅឯគាត់ ឃើញកំពុងឈរនៅក្បែរអូដ្ឋជិតអណ្តូងនៅឡើយ
31. នោះឡាបាន់និយាយថា សូមអញ្ជើញចូលមក ឱអ្នកដែលប្រកបដោយព្រះពរនៃព្រះយេហូវ៉ាអើយ ហេតុអ្វីបានជាអ្នកឈរនៅខាងក្រៅវិញ ខ្ញុំបានរៀបចំទីផ្ទះ និងកន្លែងសម្រាប់ឲ្យអូដ្ឋជាស្រេចហើយ។
32. បាវនោះក៏ចូលទៅក្នុងផ្ទះ ហើយដោះអីវ៉ាន់ពីអូដ្ឋចេញ រួចមានគេយកចំបើង និងស្មៅមកឲ្យអូដ្ឋស៊ី ហើយនិងទឹកមកសម្រាប់លាងជើងគាត់ ព្រមទាំងមនុស្សឯទៀតដែលមកជាមួយនឹងគាត់ដែរ
33. រួចលើកភោជនាហារមកជូនគាត់បរិភោគ តែគាត់ប្រកែកថា ខ្ញុំមិនទទួលទានទេ លុះត្រាតែខ្ញុំបានជម្រាបពីរឿងខ្ញុំហើយសិន នោះឡាបាន់ក៏និយាយថា សូមមានប្រសាសន៍មកចុះ
34. រួចគាត់និយាយថា ខ្ញុំជាបាវរបស់អ័ប្រាហាំ
35. ព្រះយេហូវ៉ាទ្រង់បានប្រទានពរឲ្យចៅហ្វាយខ្ញុំយ៉ាងសន្ធឹក ហើយលោកបានត្រឡប់ជាធំ គឺទ្រង់បានប្រទានឲ្យលោកមានចៀម គោ មាស ប្រាក់ បាវប្រុស បាវស្រី អូដ្ឋ ហើយនិងលា
36. ឯលោកយាយសារ៉ាជាប្រពន្ធរបស់ចៅហ្វាយខ្ញុំ នោះបានបង្កើតកូនប្រុស១ឲ្យចៅហ្វាយខ្ញុំ ក្នុងកាលដែលលោកចាស់ហើយ លោកក៏បានចែករបស់ទ្រព្យទាំងអស់ដល់កូននោះ
37. ចៅហ្វាយខ្ញុំក៏បានឲ្យខ្ញុំស្បថដោយមានប្រសាសន៍ថា កុំឲ្យឯងយកប្រពន្ធឲ្យកូនអញពីពួកកូនស្រីសាសន៍កាណាន ដែលអញនៅស្រុកគេនេះឡើយ
38. តែត្រូវឲ្យឯងទៅឯផ្ទះឪពុកអញ ហើយនិងញាតិសន្តានអញវិញ ដើម្បីនឹងយកប្រពន្ធមកឲ្យកូនអញ
39. ខ្ញុំបានជម្រាបចៅហ្វាយខ្ញុំថា ប្រហែលជាស្ត្រីនោះមិនព្រមតាមខ្ញុំទេ
40. នោះលោកមានប្រសាសន៍ថា ព្រះយេហូវ៉ាដែលអញដើរនៅចំពោះទ្រង់ៗនឹងចាត់ទេវតាទ្រង់ទៅជាមួយនឹងឯង ដើម្បីធ្វើឲ្យដំណើរឯងបានកើតការ ហើយឯងនឹងយកប្រពន្ធឲ្យកូនអញពីញាតិសន្តានអញ គឺពីពួកវង្សឪពុកអញមកជាពិត
41. ឯងនឹងបានរួចពីសម្បថដែលអញឲ្យឯងស្បថនេះ គឺបើកាលណាឯងបានទៅដល់ញាតិសន្តានអញហើយ រួចគេមិនព្រមឲ្យនាងនោះមកទេ នោះឯងនឹងបានរួចពីសម្បថ ដែលអញឲ្យឯងស្បថនេះ
42. ដូច្នេះ នៅថ្ងៃនេះ ខ្ញុំក៏បានមកដល់អណ្តូងទឹក ហើយខ្ញុំទូលថា ឱព្រះយេហូវ៉ាជាព្រះនៃអ័ប្រាហាំជាចៅហ្វាយទូលបង្គំអើយ បើទ្រង់នឹងធ្វើឲ្យដំណើរទូលបង្គំបានកើតការក្នុងគ្រាឥឡូវនេះ
43. មើល ទូលបង្គំនឹងឈរនៅត្រង់អណ្តូងទឹកនេះ ដូច្នេះ បើនាងក្រមុំណាដែលចេញមកដងទឹក ហើយទូលបង្គំនិយាយថា សូមឲ្យខ្ញុំសុំទឹកពីក្អមនាងផឹកបន្តិច
44. ហើយនាងនោះនឹងឆ្លើយមកទូលបង្គំថា ចាស អញ្ជើញពិសាចុះ ខ្ញុំនឹងដងទឹកឲ្យអូដ្ឋអ្នកផឹកដែរ នោះសូមឲ្យត្រូវត្រង់រូបស្ត្រីនោះឯង ដែលព្រះយេហូវ៉ាទ្រង់តម្រូវដល់កូនរបស់ចៅហ្វាយទូលបង្គំ
45. កាលខ្ញុំអធិស្ឋាននៅក្នុងចិត្តមិនទាន់ផុតនៅឡើយ នោះមើល ស្រាប់តែនាងរេបិកាកណ្តៀតក្អមចេញមក នាងបានចុះទៅក្នុងអណ្តូងដងទឹកមក ហើយខ្ញុំបាននិយាយទៅនាងថា សូមឲ្យខ្ញុំផឹកផង
46. នោះនាងក៏ដាក់ក្អមចុះពីលើស្មាជា១រំពេច ដោយពាក្យថា អញ្ជើញពិសាចុះ ខ្ញុំនឹងឲ្យអូដ្ឋផឹកដែរ ដូច្នេះ ខ្ញុំក៏បានទទួលទាន រួចនាងឲ្យអូដ្ឋផឹកផង
47. ហើយខ្ញុំសួរថា នាងជាកូនអ្នកណា នាងឆ្លើយថា ខ្ញុំជាកូនបេធូអែល ជាចៅណាឃរ និងមីលកា នោះខ្ញុំក៏បំពាក់ក្រវិល នៅច្រមុះ ហើយនិងកងនៅដៃនាង
48. ខ្ញុំបានឱនក្រាបថ្វាយបង្គំ ទាំងសរសើរតម្កើងដល់ព្រះយេហូវ៉ាជាព្រះនៃអ័ប្រាហាំចៅហ្វាយខ្ញុំ ដែលទ្រង់បាននាំតម្រង់ខ្ញុំតាមផ្លូវរៀងមក ដើម្បីឲ្យបានកូនស្រីរបស់បងប្អូនចៅហ្វាយខ្ញុំ យកទៅជូនដល់កូនលោក
49. ឥឡូវនេះ បើអ្នករាល់គ្នាគិតប្រព្រឹត្តនឹងចៅហ្វាយខ្ញុំដោយសប្បុរសស្មោះត្រង់ នោះសូមតបមកខ្ញុំចុះ ពុំនោះទេ សូមប្រាប់ខ្ញុំឲ្យដឹងផង ដើម្បីឲ្យខ្ញុំងាកបែរទៅខាងស្តាំ ឬខាងឆ្វេងទៀត។
50. នោះឡាបាន់ និងបេធូអែលក៏ឆ្លើយថា ការនេះសម្រេចតែពីព្រះយេហូវ៉ាទេ ទោះបើយើងឆ្លើយនឹងអ្នក ជាអាក្រក់ ឬល្អក៏ពុំបានដែរ
51. មើល រេបិកានៅមុខអ្នកស្រាប់ហើយ ចូរយកវាទៅ ឲ្យវាធ្វើជាប្រពន្ធរបស់កូនចៅហ្វាយអ្នកចុះ ដូចជាព្រះយេហូវ៉ាទ្រង់បានមានព្រះបន្ទូលមក
52. កាលបាវរបស់អ័ប្រាហាំបានឮដូច្នោះ នោះគាត់ក៏ឱនក្រាបដល់ដីថ្វាយបង្គំដល់ព្រះយេហូវ៉ា
53. រួចបញ្ចេញគ្រឿងមាសគ្រឿងប្រាក់ និងសម្លៀកបំពាក់ឲ្យដល់រេបិកា ព្រមទាំងជូនរបស់ទ្រព្យដ៏មានតម្លៃ ទៅបងនាង និងម្តាយនាងដែរ
54. រួចគាត់ក៏បរិភោគទៅ ព្រមទាំងពួកអ្នកដែលមកជាមួយផង ហើយផ្អាកនៅក្នុងយប់នោះឯង លុះដល់ពេលព្រឹក កាលគេបានក្រោកឡើងហើយ នោះគាត់ជម្រាបលាគេថា ខ្ញុំសូមវិលទៅឯចៅហ្វាយខ្ញុំវិញហើយ
55. តែបង និងម្តាយនាងនិយាយថា សូមឲ្យនាងនៅជាមួយនឹងយើងសិន បើតិចណាស់ត្រឹម១០ថ្ងៃ រួចសឹមយកទៅចុះ
56. គាត់ឆ្លើយថា កុំឃាត់ខ្ញុំឡើយ ព្រោះព្រះយេហូវ៉ាបានធ្វើឲ្យដំណើរខ្ញុំកើតការហើយ ដូច្នេះ ខ្ញុំសូមលាត្រឡប់ទៅឯចៅហ្វាយខ្ញុំវិញ
57. នោះគេឆ្លើយថា ចាំយើងហៅនាងមកសួរសិន
58. រួចគេហៅរេបិកាមកសួរថា ឯងព្រមទៅជាមួយនឹងអ្នកនេះឬទេ នាងទទួលថា ព្រម
59. នោះគេក៏ឲ្យរេបិកាជាប្អូន ព្រមទាំងមេនំនាង និងបាវអ័ប្រាហាំ ហើយនិងពួកគាត់ទាំងប៉ុន្មានចេញទៅ
60. គេក៏ឲ្យពរដល់រេបិកាដោយពាក្យថា ប្អូនយើងអើយ សូមឲ្យឯងបង្កើតបានទាំងពាន់ទាំងម៉ឺន ហើយឲ្យពូជឯងគ្រប់គ្រងលើទ្វារក្រុងនៃពួកអស់អ្នកដែលស្អប់ដល់គេចុះ
61. រេបិកាក៏ក្រោកឡើង ព្រមទាំងពួកស្រីបម្រើនាងឡើងជិះអូដ្ឋទៅតាមបាវនោះ ហើយគាត់ក៏នាំយកនាងធ្វើដំណើរចេញទៅ។
62. ឯអ៊ីសាក គាត់ដើរមកតាមផ្លូវដែលមកពីអណ្តូងឡាហាយ-រយ ដ្បិតគាត់នៅស្រុកត្បូង
63. ហើយគាត់ក៏ចេញទៅរំពឹងគិតនៅត្រង់ទីវាល ក្នុងកាលដែលពេលជិតព្រលប់ គាត់ក្រឡេកភ្នែកមើលទៅ ស្រាប់តែឃើញមានសត្វអូដ្ឋដើរចូលមក
64. ឯរេបិកាក៏ងើបភ្នែកឡើងដែរ កាលបានឃើញអ៊ីសាក នោះក៏លោតចុះពីលើអូដ្ឋមក
65. ហើយសួរទៅបាវនោះថា អ្នកណាន៏ ដែលដើរកាត់វាលតម្រង់មកឯយើងនោះ បាវនោះឆ្លើយថា នោះហើយជាចៅហ្វាយរបស់ខ្ញុំ រួចនាងយកស្បៃមកបាំងមុខ
66. បាវនោះក៏រៀបរាប់ប្រាប់អ៊ីសាក ពីគ្រប់ទាំងការដែលគាត់បានធ្វើ
67. រួចអ៊ីសាកនាំរេបិកាចូលទៅក្នុងត្រសាលរបស់សារ៉ាជាម្តាយខ្លួន ហើយក៏យកនាងធ្វើជាប្រពន្ធ ព្រមទាំងប្រតិព័ទ្ធស្រឡាញ់ដល់នាង នោះអ៊ីសាកគាត់បានក្សាន្តចាកទុក្ខពីម្តាយស្លាប់។
About លោកុប្បត្តិ Chapter 24
Read លោកុប្បត្តិ Chapter 24 online from the Holy Bible. This chapter is part of the Book of លោកុប្បត្តិ in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: លោកុប្បត្តិ
Chapter: 24
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading លោកុប្បត្តិ. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading លោកុប្បត្តិ Chapter 24 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is លោកុប្បត្តិ Chapter 24?
លោកុប្បត្តិ Chapter 24 is part of the Book of លោកុប្បត្តិ in the Holy Bible.
Can I read this chapter online?
Yes. You can read the complete លោកុប្បត្តិ Chapter 24 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាចាស់
- ហូសេ Chapter 2
- ហូសេ Chapter 4
- សាស្តា Chapter 1
- ហូសេ Chapter 1
- ហូសេ Chapter 10
- ហូសេ Chapter 6
- ហូសេ Chapter 5
Explore More from លោកុប្បត្តិ
- លោកុប្បត្តិ Chapter 49
- លោកុប្បត្តិ Chapter 32
- លោកុប្បត្តិ Chapter 40
- លោកុប្បត្តិ Chapter 28
- លោកុប្បត្តិ Chapter 19
- លោកុប្បត្តិ Chapter 15
- លោកុប្បត្តិ Chapter 38