នេហេមា Chapter 9

For English

Read នេហេមា Chapter 9 Online

Read នេហេមា Chapter 9 online from the Holy Bible. This chapter is part of the Book of នេហេមា in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of នេហេមា and the Holy Bible online.

Choose a Chapter

A+ A A-

នេហេមា 9

ជំពូក 9

1. លុះ​ដល់​ថ្ងៃ​២៤ ក្នុង​ខែ​នោះ​ឯង ពួក​កូន​ចៅ​អ៊ីស្រា‌អែល គេ​បាន​មូល​គ្នា​កាន់​ត្រណម ដោយ​ស្លៀក‌ពាក់​សំពត់​ធ្មៃ ហើយ​ព្រលាំង​ដី​នៅ​ខ្លួន

2. ឯ​ពូជ​អ៊ីស្រា‌អែល​ក៏​ញែក​ខ្លួន​ចេញ​ពី​ពួក​សាសន៍​ដទៃ​ទាំង​ប៉ុន្មាន ហើយ​ឈរ​ឡើង​លន់‌តួ​អំពើ​បាប​របស់​ខ្លួន ព្រម​ទាំង​សេចក្ដី​ទុច្ចរិត​របស់​ពួក​អយ្យកោ​ផង

3. រួច​គេ​ឈរ​នៅ​កន្លែង​គេ​រៀង​ខ្លួន ហើយ​ពេល​ថ្ងៃ​នោះ​១​ភាគ​ក្នុង​៤ មាន​ម្នាក់​អាន​មើល​ក្នុង​គម្ពីរ​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ខ្លួន រួច​ពេល​១​ភាគ​ក្នុង​៤​ទៀត​ក៏​លន់‌តួ ព្រម​ទាំង​ថ្វាយ‌បង្គំ​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ខ្លួន

4. ខណៈ​នោះ យេសួរ បានី អ័ឌីអែល សេបានា ប៊ូននី សេរេ‌ប៊ីយ៉ា បានី និង​កេណានី ជា​ពួក​លេវី ក៏​ឈរ​លើ​ថ្នាក់​ជណ្តើរ បន្លឺ​សំឡេង​អំពាវ‌នាវ​ដល់​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​ខ្លួន។

5. រួច​យេសួរ កាឌមាល បានី ហាសាបនា សេរេ‌ប៊ីយ៉ា ហូឌា សេបានា និង​ពេថា‌ហ៊ីយ៉ា ជា​ពួក​លេវី គេ​ប្រកាស​ថា ចូរ​ឈរ​ឡើង សូម​ឲ្យ​ព្រះ‌យេហូវ៉ា​ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា ដែល​គង់​នៅ​អស់‌កល្ប រៀង​ទៅ ដល់​អស់‌កល្ប‌ជានិច្ច បាន​ប្រកប​ដោយ​ព្រះ‌ពរ ត្រូវ​តែ​សូម​ឲ្យ​ព្រះ‌នាម​របស់​ទ្រង់ ជា​ព្រះ‌នាម​ដ៏​រុងរឿង បាន​ពរ​ដែរ ជា​ពរ​ដែល​ខ្ពស់​លើស​ជាង​អស់​ទាំង​ពរ និង​សេចក្ដី​សរសើរ​ផង

6. គឺ​ទ្រង់​តែ​១​ដែល​ជា​ព្រះ‌ឯក‌អង្គ ទ្រង់​បាន​បង្កើត​ផ្ទៃ​មេឃ និង​អស់​ទាំង​ជាន់​នៃ​ផ្ទៃ​មេឃ ព្រម​ទាំង​ពួក​ពល‌បរិវារ​នៅ​លើ​នោះ និង​ផែនដី ហើយ​សមុទ្រ និង​របស់​សព្វ​សារពើ​ដែល​នៅ​ស្ថាន​ទាំង​នោះ​ផង ទ្រង់​ក៏​ទប់‌ទល់​ជីវិត​នៃ​របស់​ទាំង​នោះ ហើយ​ពួក​ពល​នៅ​លើ​មេឃ​ក៏​ថ្វាយ‌បង្គំ​ដល់​ទ្រង់

7. ឱ​ព្រះ‌យេហូវ៉ា​ដ៏​ជា​ព្រះ​អើយ គឺ​ទ្រង់​ហើយ ដែល​បាន​រើស​អាប់រ៉ាម ព្រម​ទាំង​នាំ​លោក​ចេញ​ពី​ក្រុង​អ៊ើរ​របស់​ពួក​សាសន៍​ខាល់ដេ ហើយ​ប្រទាន​ឲ្យ​លោក​មាន​ឈ្មោះ​ជា​អ័ប្រា‌ហាំ​វិញ

8. ទ្រង់​បាន​ឃើញ​ថា លោក​មាន​ចិត្ត​ស្មោះ‌ត្រង់​នៅ​ចំពោះ​ទ្រង់ រួច​តាំង​សញ្ញា​នឹង​លោក​ថា នឹង​ប្រទាន​ស្រុក​របស់​ពួក​សាសន៍​កាណាន សាសន៍​ហេត សាសន៍​អាម៉ូរី សាសន៍​ពេរិស៊ីត សាសន៍​យេប៊ូស និង​សាសន៍​គើកាស៊ី ដល់​ពូជ​របស់​លោក ទ្រង់​ក៏​បាន​សម្រេច​តាម​ព្រះ‌បន្ទូល​ទ្រង់​ហើយ ដ្បិត​ទ្រង់​សុចរិត។

9. ទ្រង់​បាន​ទត​ឃើញ​សេចក្ដី​វេទនា​របស់​ពួក​អយ្យកោ​យើង​ខ្ញុំ នៅ​ស្រុក​អេស៊ីព្ទ ហើយ​បាន​ឮ​សម្រែក ដែល​គេ​ស្រែក​នៅ​ត្រង់​សមុទ្រ​ក្រហម

10. ក៏​សម្ដែង​ទី​សម្គាល់ និង​ការ​អស្ចារ្យ​ទៅ​លើ​ផារ៉ោន ពួក​មហា‌តលិក និង​បណ្តា‌ជន​នៃ​ស្រុក​នោះ​ទាំង​អស់ ដោយ​ជ្រាប​ថា គេ​បាន​ប្រព្រឹត្ត​នឹង​ពួក​អយ្យកោ​ទាំង​នោះ​ដោយ​ចិត្ត​ព្រហើន ហើយ​ទ្រង់​បាន​ល្បី​ព្រះ‌នាម ដូច​មាន​សព្វ​ថ្ងៃ​នេះ

11. ទ្រង់​បាន​ធ្វើ​ឲ្យ​សមុទ្រ​ញែក​ចេញ​ជា​ពីរ នៅ​មុខ​អ្នក​ទាំង​នោះ ឲ្យ​បាន​ឆ្លង​ទៅ​នៅ​កណ្តាល​សមុទ្រ ដោយ​ដី​គោក តែ​ទ្រង់​បាន​បោះ​ពួក​អ្នក​ដែល​ដេញ​តាម ចោល​ទៅ​ក្នុង​ទី​ជម្រៅ ដូច​ជា​បោះ​ថ្ម​ទៅ​ក្នុង​ទឹក​ដ៏​មាន​កម្លាំង

12. មួយ​ទៀត នៅ​ពេល​ថ្ងៃ ទ្រង់​បាន​នាំ​ពួក​អយ្យកោ​នោះ ដោយ‌សារ​បង្គោល​ពពក ហើយ​ពេល​យប់ ដោយ‌សារ​បង្គោល​ភ្លើង ដើម្បី​នឹង​បំភ្លឺ​ផ្លូវ​ដែល​គេ​ត្រូវ​ដើរ

13. ទ្រង់​បាន​យាង​ចុះ​មក​លើ​ភ្នំ​ស៊ី‌ណាយ ហើយ​មាន​ព្រះ‌បន្ទូល​នឹង​គេ​ពី​លើ​មេឃ​មក ព្រម​ទាំង​ប្រទាន​ឲ្យ​មាន​ច្បាប់​យុត្តិ‌ធម៌​ដ៏​ត្រឹម​ត្រូវ និង​ក្រឹត្យ‌វិន័យ​ដ៏​ពិត ហើយ​បញ្ញត្ត និង​ក្រឹត្យ‌ក្រម​ដ៏​ល្អ​ដល់​គេ

14. ទ្រង់​បាន​ធ្វើ​ឲ្យ​គេ​ស្គាល់​ថ្ងៃ​ឈប់​សម្រាក​ដ៏​បរិសុទ្ធ​របស់​ទ្រង់ ព្រម​ទាំង​តាំង​ឲ្យ​គេ​មាន​ក្រឹត្យ‌ក្រម បញ្ញត្ត និង​វិន័យ ដោយ‌សារ​លោក​ម៉ូសេ ជា​អ្នក​បម្រើ​ទ្រង់

15. ទ្រង់​បាន​ប្រទាន​នំបុ័ង​ពី​លើ​មេឃ​មក​ចម្អែត​ដល់​គេ ហើយ​បណ្តាល​ឲ្យ​មាន​ទឹក​ហូរ​ចេញ​ពី​ថ្ម​មក ឲ្យ​គេ​ផឹក ក៏​បាន​បង្គាប់​ឲ្យ​គេ​ចូល​ទៅ​ចាប់​យក​ស្រុក ដែល​ទ្រង់​បាន​ស្បថ​ថា​នឹង​ឲ្យ​ដល់​គេ។

16. ប៉ុន្តែ គេ និង​ពួក​អយ្យកោ​របស់​យើង​ខ្ញុំ​ត​រៀង​មក បាន​ប្រព្រឹត្ត​ដោយ​ចិត្ត​ព្រហើន ព្រម​ទាំង​តាំង​ក​រឹង ឥត​ស្តាប់​តាម​ក្រឹត្យ‌ក្រម​ទាំង​ប៉ុន្មាន​របស់​ទ្រង់​ទេ

17. គេ​មិន​ព្រម​ធ្វើ​តាម​បង្គាប់​ឡើយ ក៏​មិន​នឹក​ចាំ​ពី​អស់​ទាំង​ការ​អស្ចារ្យ​ដែល​ទ្រង់​បាន​ធ្វើ នៅ​កណ្តាល​ពួក​គេ​ផង គឺ​គេ​បាន​តាំង​ក​រឹង​វិញ ក្នុង​គ្រា​បះ‌បោរ​នោះ គេ​បាន​តម្រូវ​ម្នាក់​ឲ្យ​ធ្វើ​ជា​មេ ដើម្បី​នឹង​នាំ​វិល​ទៅ​ឯ​សណ្ឋាន​ជា​បាវ​បម្រើ​វិញ តែ​ទ្រង់​ជា​ព្រះ​ដែល​ប្រុង​នឹង​អត់​ទោស ទ្រង់​ក៏​សន្តោស ហើយ​មេត្តា‌ករុណា ទ្រង់​យឺត​នឹង​ខ្ញាល់ ហើយ​មាន​សេចក្ដី​សប្បុរស​ជា​បរិបូរ បាន​ជា​ទ្រង់​មិន​បោះ‌បង់​ចោល​គេ​ឡើយ

18. ទោះ​ទាំង​កាល​ដែល​គេ​បាន​បណ្តាល​ទំនាស់​ទ្រង់​ជា​ខ្លាំង ដោយ​សិត​ធ្វើ​រូប​កូន​គោ ហើយ​និយាយ​ថា នេះ​ជា​ព្រះ​របស់​យើង ដែល​បាន​នាំ​យើង​ឡើង​ពី​ស្រុក​អេស៊ីព្ទ មក​ដូច្នេះ​ក្តី

19. គង់​តែ​ទ្រង់​មិន​បាន​បោះ‌បង់​ចោល​គេ​នៅ​ទី​រហោ‌ស្ថាន​ដែរ គឺ​ដោយ​ទ្រង់​មាន​សេចក្ដី​មេត្តា‌ករុណា​ដ៏​ក្រៃ‌លែង ឯ​បង្គោល​ពពក​មិន​បាន​ថយ​ចេញ លែង​នាំ​ផ្លូវ​គេ​នៅ​វេលា​ថ្ងៃ​ឡើយ ហើយ​បង្គោល​ភ្លើង​ក៏​មិន​លែង​បំភ្លឺ​គេ​នៅ​វេលា​យប់ ដើម្បី​នឹង​បង្ហាញ​ផ្លូវ ដែល​គេ​ត្រូវ​ដើរ​ដែរ

20. ទ្រង់​បាន​ប្រទាន​ព្រះ‌វិញ្ញាណ​ដ៏​ល្អ​របស់​ទ្រង់ មក​បង្ហាត់​បង្រៀន​គេ ទ្រង់​មិន​ដែល​បង្អត់​នំ​ម៉ាន៉ា​ចំពោះ​គេ​ទេ ហើយ​បាន​ប្រទាន​ទឹក ឲ្យ​គេ​ផឹក​ផង

21. គឺ​ទ្រង់​បាន​ចិញ្ចឹម​គេ នៅ​ទី​រហោ‌ស្ថាន អស់​៤០​ឆ្នាំ គេ​ឥត​មាន​ខ្វះ​ខាត​អ្វី​ឡើយ សម្លៀក‌បំពាក់​របស់​គេ​ក៏​មិន​ដែល​សឹក ហើយ​ជើង​គេ​មិន​ពុរពង​ដែរ

22. មួយ​ទៀត​ទ្រង់​បាន​ប្រទាន​នគរ និង​សាសន៍​ផ្សេងៗ ហើយ​ចែក​ស្រុក​ទាំង​នោះ​ដល់​គេ គឺ​យ៉ាង​នោះ​ដែល​គេ​បាន​ស្រុក​របស់​ស៊ីហុន ជា​ស្រុក​របស់​ស្តេច​ក្រុង​ហែសបូន និង​ស្រុក​របស់​អុក ជា​ស្តេច​ស្រុក​បាសាន

23. ទ្រង់​ក៏​ធ្វើ​ឲ្យ​គេ​កើត​កូន​ចម្រើន​ឡើង ដូច​ជា​ផ្កាយ​នៅ​លើ​មេឃ ហើយ​បាន​នាំ​គេ​ចូល​មក​ក្នុង​ស្រុក ដែល​ទ្រង់​ប្រាប់​ដល់​ពួក​អយ្យកោ​ថា ត្រូវ​ឲ្យ​គេ​ចូល​ទៅ​ចាប់​យក​នេះ

24. ដូច្នេះ ពួក​កូន​ចៅ​គេ​ក៏​ចូល​ទៅ​ចាប់​យក​ស្រុក ហើយ​ទ្រង់​បាន​បង្ក្រាប​សាសន៍​កាណាន ជា​ពួក​អ្នក​ស្រុក​នេះ នៅ​មុខ​គេ ព្រម​ទាំង​ប្រគល់​ពួក​នោះ និង​ស្តេច ហើយ​បណ្តា‌ជន​ទាំង‌ឡាយ មក​ក្នុង​កណ្តាប់​ដៃ​គេ ឲ្យ​បាន​ប្រព្រឹត្ត​នឹង​សាសន៍​នោះ តាម​អំពើ​ចិត្ត

25. គេ​ចាប់​យក​បាន​ទាំង​ទី​ក្រុង​មាន​បន្ទាយ និង​ស្រុក​មាន​ជី‌ជាតិ ក៏​បាន​ផ្ទះ​ជា​ច្រើន ពេញ​ដោយ​របស់​ល្អ​គ្រប់​មុខ និង​អណ្តូង​ជីក​ស្រាប់ ចម្ការ​ទំពាំង‌បាយ‌ជូរ ដំណាំ​អូលីវ និង​ដើម​ឈើ​ផ្លែ​ជា​បរិបូរ យ៉ាង​នោះ​គេ​បាន​បរិភោគ​ឆ្អែត ហើយ​ត្រឡប់​ជា​មាន​សាច់​ធាត់ ក៏​មាន​ចិត្ត​រីក‌រាយ ដោយ‌សារ​សេចក្ដី​សប្បុរស​ដ៏​ជា​ធំ​របស់​ទ្រង់។

26. ប៉ុន្តែ គេ​មាន​ចិត្ត​រឹង‌ចចេស ហើយ​បាន​បះ‌បោរ​នឹង​ទ្រង់​វិញ គេ​បោះ‌បង់​ចោល​ក្រឹត្យ‌វិន័យ​ទ្រង់​ទៅ​ក្រោយ​ខ្នង ហើយ​បាន​សម្លាប់​ពួក​ហោរា​ទ្រង់ ដែល​ធ្វើ​បន្ទាល់​ដល់​គេ ដោយ​ប្រាថ្នា​ចង់​នាំ​គេ​មក​ឯ​ទ្រង់​វិញ គេ​ក៏​ប្រព្រឹត្ត​ទំនាស់​ជា​ខ្លាំង​ដែរ

27. ហេតុ​នោះ ទ្រង់​បាន​ប្រគល់​គេ​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​សត្រូវ ដែល​ញាំ‌ញី​សង្កត់‌សង្កិន​គេ តែ​កាល​គេ​កើត​មាន​សេចក្ដី​វេទនា ហើយ​បាន​អំពាវ‌នាវ​រក​ទ្រង់ នោះ​ទ្រង់​ក៏​ឮ​ពី​លើ​មេឃ ហើយ​បាន​ប្រទាន​ឲ្យ​គេ​មាន​ពួក​អ្នក​ជួយ​សង្គ្រោះ ឲ្យ​រួច​ពី​កណ្តាប់​ដៃ​នៃ​ពួក​សត្រូវ​នោះ ដោយ​សេចក្ដី​មេត្តា‌ករុណា​ដ៏​ក្រៃ‌លែង​របស់​ផង​ទ្រង់

28. តែ​កាល​គេ​មាន​សេចក្ដី​ស្រាក‌ស្រាន្ត​បន្តិច នោះ​គេ​បាន​ប្រព្រឹត្ត​សេចក្ដី​អាក្រក់ នៅ​ចំពោះ​ទ្រង់​វិញ​ទៀត បាន​ជា​ទ្រង់​ទុក​គេ​នៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ ឲ្យ​ពួក​នោះ​មាន​អំណាច​លើ​គេ ប៉ុន្តែ កាល​គេ​បាន​វិល​មក​អំពាវ‌នាវ​រក​ទ្រង់​ទៀត នោះ​ទ្រង់​ក៏​ឮ​ពី​លើ​មេឃ​ដែរ ហើយ​បាន​ប្រោស​ឲ្យ​គេ​រួច​ជា​ច្រើន​ដង តាម​សេចក្ដី​មេត្តា‌ករុណា​របស់​ទ្រង់

29. ទ្រង់​បាន​ធ្វើ​បន្ទាល់​ដល់​គេ ដើម្បី​នឹង​នាំ​គេ​មក​ឯ​ក្រឹត្យ‌វិន័យ​ទ្រង់​វិញ ទោះ​បើ​យ៉ាង​នោះ គង់​តែ​គេ​បាន​ប្រព្រឹត្ត​ដោយ​ចិត្ត​ព្រហើន ឥត​ព្រម​ស្តាប់​តាម​ក្រឹត្យ‌ក្រម​នៃ​ទ្រង់​ដែរ គឺ​បាន​ធ្វើ​បាប​ទទឹង​ច្បាប់​យុត្តិ‌ធម៌​របស់​ទ្រង់ (ជា​ច្បាប់​ដែល​អ្នក​ណា​ប្រព្រឹត្ត​តាម នោះ​នឹង​បាន​រស់​នៅ​ដោយ​សេចក្ដី​នោះ​ឯង ) ហើយ​គេ​ដក​ស្មា​ចេញ តាំង​ក​រឹង មិន​ព្រម​ស្តាប់​តាម​ឡើយ

30. ប៉ុន្តែ ទ្រង់​បាន​អត់​ទ្រាំ​នឹង​គេ​ជា​យូរ​ឆ្នាំ ព្រម​ទាំង​ធ្វើ​បន្ទាល់​ដល់​គេ ដោយ‌សារ​ព្រះ‌វិញ្ញាណ​ទ្រង់ ដែល​សណ្ឋិត​លើ​ពួក​ហោរា ទោះ​បើ​យ៉ាង​នោះ គង់​តែ​គេ​មិន​ផ្ទៀង​ត្រចៀក​ស្តាប់​ដែរ បាន​ជា​ទ្រង់​ប្រគល់​គេ​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​អស់​ទាំង​សាសន៍​របស់​ស្រុក​ដទៃ

31. ប៉ុន្តែ ដោយ​ព្រោះ​សេចក្ដី​មេត្តា‌ករុណា​ដ៏​ក្រៃ‌លែង​របស់​ទ្រង់ បាន​ជា​ទ្រង់​មិន​បាន​បំផ្លាញ​គេ​អស់​រលីង​ទៅ ឬ​បោះ‌បង់​ចោល​គេ​ឡើយ ដ្បិត​ទ្រង់​ជា​ព្រះ​ដ៏​មាន​ព្រះ‌ហឫទ័យ​សន្តោស ហើយ​មេត្តា‌ករុណា។

32. ដូច្នេះ ឱ​ព្រះ​នៃ​យើង​ខ្ញុំ​រាល់​គ្នា ជា​ព្រះ​ដ៏​ធំ ហើយ​មាន​ឥទ្ធា‌នុភាព ដែល​គួរ​ស្ញែង​ខ្លាច​ដល់​ទ្រង់ ជា​ព្រះ​ដែល​រក្សា​សេចក្ដី​សញ្ញា និង​សេចក្ដី​សប្បុរស​អើយ ឯ​សេចក្ដី​វេទនា​ទាំង​ប៉ុន្មាន ដែល​បាន​កើត​ដល់​យើង​ខ្ញុំ ព្រម​ទាំង​ស្តេច ពួក​មេ ពួក​សង្ឃ ពួក​ហោរា ពួក​អយ្យកោ​យើង​ខ្ញុំ និង​ពួក​រាស្ត្រ​របស់​ទ្រង់ ចាប់​តាំង​ពី​គ្រា​ពួក​ស្តេច​នៃ​ស្រុក​អាសស៊ើរ ដរាប​ដល់​សព្វ​ថ្ងៃ​នេះ នោះ​សូម​ទ្រង់​កុំ​រាប់​ថា ជា​ការ​តិច‌តួច​ឡើយ

33. ប៉ុន្តែ ក្នុង​សេចក្ដី​ទាំង​ប៉ុន្មាន ដែល​បាន​កើត​ដល់​យើង​ខ្ញុំ នោះ​ទ្រង់​សុចរិត​ទេ ដ្បិត​ទ្រង់​បាន​ប្រព្រឹត្ត​ដោយ​ស្មោះ‌ត្រង់ តែ​យើង​ខ្ញុំ​បាន​ប្រព្រឹត្ត ដោយ​លាមក​អាក្រក់​វិញ

34. ទោះ​ទាំង​ស្តេច​នៃ​យើង​ខ្ញុំ ឬ​ពួក​មេ​ពួក​សង្ឃ និង​ពួក​អយ្យកោ​របស់​យើង​ខ្ញុំ​ក៏​មិន​បាន​រក្សា​ក្រឹត្យ‌វិន័យ​របស់​ទ្រង់ ឬ​ស្តាប់​តាម​ក្រឹត្យ‌ក្រម និង​សេចក្ដី​បន្ទាល់​ដែល​ទ្រង់​បាន​ធ្វើ​នៅ​ចំពោះ​គេ​ដែរ

35. ពី​ព្រោះ​គេ​មិន​បាន​គោរព​ប្រតិ‌បត្តិ​ដល់​ទ្រង់ នៅ​ក្នុង​នគរ​នៃ​ខ្លួន នៅ​កណ្តាល​អស់​ទាំង​សេចក្ដី​ល្អ​ក្រៃ‌លែង ដែល​ទ្រង់​បាន​ប្រោស​ដល់​គេ នៅ​ក្នុង​ស្រុក​ធំ​ទូលាយ មាន​ជី‌ជាតិ ដែល​ទ្រង់​បាន​ដាក់​នៅ​មុខ​គេ​នោះ​ឡើយ គេ​ក៏​មិន​បាន​បែរ​ចេញ​ពី​អំពើ​អាក្រក់​របស់​ខ្លួន​ដែរ

36. មើល យើង​ខ្ញុំ​រាល់​គ្នា​ជា​បាវ​បម្រើ​របស់​គេ​ដរាប​ដល់​សព្វ​ថ្ងៃ​នេះ គឺ​ជា​បាវ​បម្រើ នៅ​ក្នុង​ស្រុក​នេះ ដែល​ទ្រង់​បាន​ប្រទាន​ដល់​ពួក​អយ្យកោ​យើង​ខ្ញុំ ឲ្យ​បាន​បរិភោគ​ផល និង​សេចក្ដី​ល្អ​នោះ​ផង

37. ស្រុក​នេះ​ក៏​បង្កើត​ផល​ជា​ច្រើន ដល់​ពួក​ស្តេច​ដែល​ទ្រង់​បាន​តាំង​ឲ្យ​គ្រប់‌គ្រង​លើ​យើង​ខ្ញុំ ដោយ​ព្រោះ​អំពើ​បាប​របស់​យើង​ខ្ញុំ ស្តេច​ទាំង​នោះ​មាន​អំណាច​លើ​ទាំង​ខ្លួន​ប្រាណ​យើង​ខ្ញុំ និង​ហ្វូង​សត្វ​របស់​យើង​ខ្ញុំ​ផង តាម​តែ​ព្រះ‌ទ័យ ហើយ​យើង​ខ្ញុំ​មាន​សេចក្ដី​វេទនា​ជា​ខ្លាំង។

38. ទោះ​បើ​មាន​សេចក្ដី​យ៉ាង​នោះ​ក៏​ដោយ គង់​តែ​យើង​ខ្ញុំ​រាល់​គ្នា​ចុះ​សញ្ញា​មាំ‌មួន ហើយ​ក៏​កត់​ទុក​ផង មាន​ទាំង​ពួក​មេ ពួក​លេវី និង​ពួក​សង្ឃ​របស់​យើង​ខ្ញុំ ជា​អ្នក​បោះ​ត្រា​ចំពោះ​សេចក្ដី​សញ្ញា​នោះ។

About នេហេមា Chapter 9

Read នេហេមា Chapter 9 online from the Holy Bible. This chapter is part of the Book of នេហេមា in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: នេហេមា
Chapter: 9
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading នេហេមា. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading នេហេមា Chapter 9 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is នេហេមា Chapter 9?

នេហេមា Chapter 9 is part of the Book of នេហេមា in the Holy Bible.

Can I read this chapter online?

Yes. You can read the complete នេហេមា Chapter 9 online for free with easy chapter navigation.

More Chapters from នេហេមា

  1. នេហេមា Chapter 12
  2. នេហេមា Chapter 8
  3. នេហេមា Chapter 1
  4. នេហេមា Chapter 10
  5. នេហេមា Chapter 7
  6. នេហេមា Chapter 5
  7. នេហេមា Chapter 11

Explore More from ព្រះគម្ពីរសញ្ញាចាស់

  1. លោកុប្បត្តិ Chapter 21
  2. ទំនុកដំកើង Chapter 129
  3. អេសាយ Chapter 32
  4. ទំនុកដំកើង Chapter 148
  5. យេរេមា Chapter 39
  6. សាំយូអែល ទី ២ Chapter 6
  7. របាក្សត្រ ទី ២ Chapter 22

Related Chapters & Readings

  1. លោកុប្បត្តិ Chapter 34
  2. សាំយូអែល ទី ១ Chapter 23
  3. នាង អេសធើរ Chapter 7
  4. នាង អេសធើរ Chapter 1
  5. នាង រស់ Chapter 4
  6. យ៉ូប Chapter 29
  7. អេសេគាល Chapter 17
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *