Read លូកា Chapter 9 Online
Read លូកា Chapter 9 online from the Holy Bible. This chapter is part of the Book of លូកា in the New Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of លូកា and the Holy Bible online.
Choose a Chapter
លូកា 9
ជំពូក 9
1. លុះទ្រង់បានហៅពួកសិស្សទាំង១២នាក់មក នោះក៏ប្រទានឲ្យគេមានព្រះចេស្តា និងអំណាចលើអស់ទាំងអារក្ស ហើយឲ្យអាចមើលជំងឺឲ្យជា
2. ទ្រង់ចាត់គេឲ្យទៅប្រកាសប្រាប់ពីនគរព្រះ ហើយឲ្យមើលមនុស្សមានជំងឺឲ្យបានជាផង
3. ទ្រង់មានព្រះបន្ទូលប្រាប់ថា កុំឲ្យយកអ្វីសម្រាប់តាមផ្លូវឡើយ ទោះជាដំបង យាម នំបុ័ង ឬប្រាក់ក្តី ក៏កុំឲ្យមានអាវ២ដែរ
4. បើអ្នករាល់គ្នាចូលទៅក្នុងផ្ទះណា ចូរស្នាក់នៅផ្ទះនោះ ហើយចេញចូលធ្វើការចុះ
5. ឯអស់អ្នកណាដែលមិនព្រមរាក់ទាក់ទទួលអ្នករាល់គ្នាទេ នោះចូរចេញពីភូមិនោះទៅ ហើយរលាស់ទាំងធូលីដីពីជើងអ្នកចេញ ទុកជាទីបន្ទាល់ទាស់នឹងគេវិញ
6. កាលគេចេញទៅ នោះក៏ដើរទៅសព្វពេញអស់ទាំងភូមិ ព្រមទាំងផ្សាយដំណឹងល្អ ហើយបានមើលគេឲ្យជានៅគ្រប់កន្លែងដែរ។
7. ឯហេរ៉ូឌ ជាស្តេចអនុរាជ បានឮនិយាយពីការដែលទ្រង់ធ្វើទាំងប៉ុន្មាន ក៏មានព្រះទ័យអល់អែក ពីព្រោះខ្លះនិយាយថា លោកយ៉ូហានបានរស់ពីស្លាប់ឡើងវិញ
8. ខ្លះថា លោកអេលីយ៉ាបានលេចមកហើយ ខ្លះទៀតថា មានហោរាណាមួយពីចាស់បុរាណ បានរស់ឡើងវិញដូច្នេះ
9. តែហេរ៉ូឌមានព្រះបន្ទូលថា យើងបានកាត់ក្បាលយ៉ូហានហើយ ដូច្នេះ តើអ្នកណាហ្ន៎ ដែលអញឮថា ធ្វើការប្លែកទាំងម៉្លេះនេះ ហើយក៏រកចង់ឃើញទ្រង់។
10. កាលពួកសាវកបានត្រឡប់មកវិញ ក៏រ៉ាយរឿងទូលព្រះយេស៊ូវ ពីការដែលគេបានធ្វើទាំងប៉ុន្មាន នោះទ្រង់នាំគេទៅដោយឡែកនៅទីស្ងាត់ ជិតភូមិ១ឈ្មោះបេតសៃដា
11. កាលបណ្តាមនុស្សបានដឹង ក៏តាមទ្រង់ទៅ ទ្រង់រាក់ទាក់ទទួលគេ ហើយមានព្រះបន្ទូលប្រាប់ពីនគរព្រះ ទាំងប្រោសដល់អស់អ្នកដែលត្រូវការ ឲ្យគេបានជាផង
12. វេលានោះ ថ្ងៃកាន់តែទាបហើយ នោះពួក១២នាក់មកទូលទ្រង់ថា សូមឲ្យមនុស្សទាំងឡាយទៅ ដើម្បីឲ្យទៅរកទីស្នាក់ និងស្បៀងអាហារ នៅក្នុងភូមិ និងស្រុកស្រែជុំវិញ ដ្បិតទីនេះស្ងាត់ណាស់
13. តែទ្រង់មានព្រះបន្ទូលថា ចូរអ្នករាល់គ្នាឲ្យគេបរិភោគទៅ ពួកសិស្សទូលថា យើងខ្ញុំមានតែនំបុ័ង៥ដុំ និងត្រី២ទេ លើកតែយើងខ្ញុំទៅទិញស្បៀងអាហារទៀត សម្រាប់មនុស្សទាំងនេះវិញ
14. (រីឯពួកមនុស្សទាំងនោះ មានប្រុសៗចំនួន៥ពាន់នាក់) តែទ្រង់មានព្រះបន្ទូលទៅពួកសិស្សថា ចូរឲ្យគេអង្គុយដោយជួរៗទៅ ក្នុង១ជួរ៥០នាក់
15. ពួកសិស្សក៏ឲ្យមនុស្សទាំងអស់អង្គុយដូច្នោះ
16. នោះទ្រង់យកនំបុ័ង៥ និងត្រី២ ងើបទតទៅលើមេឃ ហើយប្រទានពរ រួចកាច់ប្រទានដល់ពួកសិស្ស ឲ្យលើកទៅឲ្យបណ្តាមនុស្ស
17. គេក៏បរិភោគឆ្អែតទាំងអស់គ្នា រួចប្រមូលចំណិតដែលនៅសល់ បាន១២កន្ត្រក។
18. គ្រាមួយ កាលទ្រង់កំពុងតែអធិស្ឋានដោយឡែក ហើយពួកសិស្សក៏នៅជាមួយ នោះទ្រង់មានព្រះបន្ទូលសួរថា តើហ្វូងមនុស្សទាំងឡាយថាខ្ញុំជាអ្នកណា
19. គេទូលឆ្លើយថា ជាយ៉ូហាន-បាទីស្ទ ខ្លះថាជាអេលីយ៉ា ខ្លះទៀតថាជាហោរាណាមួយពីចាស់បុរាណ បានរស់ឡើងវិញ
20. ទ្រង់មានព្រះបន្ទូលសួរគេថា ចុះឯអ្នករាល់គ្នាវិញ តើថាខ្ញុំជាអ្នកណា នោះពេត្រុសទូលឆ្លើយថា ទ្រង់ជាព្រះគ្រីស្ទនៃព្រះ
21. ទ្រង់ហាមផ្តាច់ មិនឲ្យគេប្រាប់ដល់អ្នកណា ពីសេចក្ដីនេះឡើយ
22. ដោយមានព្រះបន្ទូលថា ត្រូវឲ្យកូនមនុស្សរងទុក្ខជាច្រើន ត្រូវពួកចាស់ទុំ ពួកសង្គ្រាជ និងពួកអាចារ្យបោះបង់ចោល ត្រូវគេសម្លាប់ ហើយ៣ថ្ងៃក្រោយមកនឹងរស់ឡើងវិញ
23. រួចទ្រង់មានព្រះបន្ទូលទៅមនុស្សទាំងអស់ថា បើអ្នកណាចង់មកតាមខ្ញុំ ត្រូវឲ្យអ្នកនោះលះកាត់ចិត្តខ្លួនឯង ទាំងផ្ទុកឈើឆ្កាងខ្លួនរាល់តែថ្ងៃ ហើយមកតាមខ្ញុំចុះ
24. ដ្បិតអ្នកណាដែលចង់ឲ្យរួចជីវិត នោះនឹងបាត់ជីវិតទៅ តែអ្នកណាដែលបាត់ជីវិត ដោយព្រោះខ្ញុំ នោះនឹងបានជីវិតវិញ
25. ដ្បិតបើសិនជាមនុស្សណានឹងបានលោកីយ៍ទាំងមូល ប៉ុន្តែ ធ្វើឲ្យខ្លួនឯងវិនាស ឬឲ្យបាត់បង់ នោះតើមានប្រយោជន៍អ្វីដល់អ្នកនោះ
26. ដ្បិតអ្នកណាដែលមានសេចក្ដីខ្មាស ដោយព្រោះខ្ញុំ និងពាក្យខ្ញុំ នោះកូនមនុស្សនឹងមានសេចក្ដីខ្មាស ដោយព្រោះអ្នកនោះដែរ ក្នុងកាលដែលលោកមកក្នុងសិរីល្អរបស់លោក របស់ព្រះវរបិតា ហើយនិងពួកទេវតាបរិសុទ្ធ
27. ខ្ញុំប្រាប់អ្នករាល់គ្នាជាប្រាកដថា ក្នុងពួកអ្នកដែលឈរនៅទីនេះ មានអ្នកខ្លះដែលមិនត្រូវភ្លក់សេចក្ដីស្លាប់ ទាល់តែបានឃើញនគរព្រះ។
28. ប្រហែលជា៨ថ្ងៃ ក្រោយដែលមានព្រះបន្ទូលសេចក្ដីទាំងនោះមក នោះទ្រង់យកពេត្រុស យ៉ូហាន និងយ៉ាកុបឡើងទៅលើភ្នំ ដើម្បីអធិស្ឋាន
29. កាលទ្រង់កំពុងតែអធិស្ឋាន នោះបែបភាពព្រះភ័ក្ត្រទ្រង់ក៏ផ្លាស់ប្រែ ហើយព្រះពស្ត្រត្រឡប់ជាសព្រាត
30. នោះឃើញមានមនុស្ស២នាក់កំពុងតែទូលនឹងទ្រង់ គឺលោកម៉ូសេ និងលោកអេលីយ៉ា
31. ដែលលេចមកក្នុងសិរីល្អ ទូលពីដំណើរទ្រង់សុគត ដែលត្រូវសម្រេចនៅក្រុងយេរូសាឡឹម
32. ឯពេត្រុស និងអ្នកទាំង២ដែលនៅជាមួយនឹងគាត់ គេងងុយជាខ្លាំង លុះកាលភ្ញាក់ដឹងខ្លួនឡើង នោះស្រាប់តែឃើញសិរីល្អទ្រង់ និងមនុស្ស២នាក់ ដែលឈរនៅជាមួយនឹងទ្រង់ដែរ
33. កាលមនុស្សទាំង២នោះកំពុងតែថយចេញពីទ្រង់ទៅ នោះពេត្រុសទូលថា លោកគ្រូអើយ ដែលយើងខ្ញុំនៅទីនេះបានល្អណាស់ហើយ សូមឲ្យយើងខ្ញុំធ្វើត្រសាល៣ គឺ១សម្រាប់លោក ១សម្រាប់លោកម៉ូសេ ហើយ១សម្រាប់លោកអេលីយ៉ា ដោយមិនដឹងខ្លួនជាថាដូចម្តេចទេ
34. កំពុងដែលទូលសេចក្ដីទាំងនេះនៅឡើយ នោះមានពពកមកគ្របបាំងគេ គេក៏ភ័យខ្លាចទាំងអស់គ្នា ដោយចូលខ្លួនក្នុងពពកនោះ
35. ហើយមានសំឡេងចេញពីពពកមកថា នេះជាកូនស្ងួនភ្ងាអញ ចូរឲ្យស្តាប់តាមចុះ
36. ក្រោយសំឡេងនោះមក ក៏ឃើញមានតែព្រះយេស៊ូវ១អង្គទ្រង់ប៉ុណ្ណោះ ក្នុងគ្រានោះគេនៅតែស្ងៀម ឥតមានប្រាប់ដល់អ្នកណា ពីការអ្វីដែលគេឃើញនោះឡើយ។
37. ដល់ថ្ងៃក្រោយ កាលចុះពីភ្នំមក នោះមានមនុស្សសន្ធឹកមកជួបនឹងទ្រង់
38. ហើយមើលមានម្នាក់ស្រែកឡើងពីក្នុងពួកមនុស្សទាំងនោះថា លោកគ្រូអើយ សូមអាណិតកូនខ្ញុំផង ដ្បិតជាកូនតែ១របស់ខ្ញុំ
39. ហើយមើលមានវិញ្ញាណអារក្សចេះតែជាន់វា ហើយលោតែវាស្រែកឡើង ធ្វើឲ្យប្រកាច់បែកពពុះមាត់ និងហើមជាំអស់ទាំងខ្លួន រួចចេញពីវាទៅដោយពិបាក
40. ខ្ញុំបានសូមអង្វរឲ្យពួកសិស្សលោកដេញចេញដែរ តែគេដេញមិនបានសោះ
41. ព្រះយេស៊ូវមានព្រះបន្ទូលឆ្លើយថា ឱដំណមនុស្សដែលមិនជឿ ហើយមានចិត្តវៀចអើយ តើត្រូវឲ្យខ្ញុំនៅជាមួយ ហើយទ្រាំនឹងអ្នករាល់គ្នាដល់កាលណាទៀត ចូរនាំកូនអ្នកមកឯណេះ
42. កាលវាកំពុងតែដើរចូលមក នោះអារក្សបានផ្តួលវា ហើយធ្វើឲ្យប្រកាច់ប្រកិនជាខ្លាំង តែព្រះយេស៊ូវទ្រង់កំហែងទៅវិញ្ញាណអសោច ហើយប្រោសក្មេងនោះឲ្យជា រួចប្រគល់ដល់ឪពុកវិញ ឯមនុស្សទាំងឡាយ ក៏អស្ចារ្យចំពោះឥទ្ធិឫទ្ធិរបស់ព្រះទាំងអស់គ្នា។
43. កាលមនុស្សទាំងអស់ កំពុងតែនឹកប្លែកក្នុងចិត្ត ពីអស់ទាំងការដែលព្រះយេស៊ូវទ្រង់ធ្វើ នោះទ្រង់មានព្រះបន្ទូលទៅពួកសិស្សថា
44. ចូរអ្នករាល់គ្នាចាំពាក្យទាំងនេះ ទុកនៅក្នុងត្រចៀកចុះ ដ្បិតបន្តិចទៀត កូនមនុស្សត្រូវបញ្ជូនទៅក្នុងកណ្តាប់ដៃនៃមនុស្សលោកហើយ
45. ប៉ុន្តែ គេមិនបានយល់សេចក្ដីនោះទេ ព្រោះជាសេចក្ដីលាក់កំបាំងដល់គេ ដើម្បីមិនឲ្យគេគិតឃើញ ហើយគេក៏ខ្លាចមិនហ៊ានទូលសួរទ្រង់ពីសេចក្ដីនោះដែរ។
46. ខណៈនោះ គេកើតមានសេចក្ដីជជែកគ្នា ពីអ្នកណាដែលធំជាងក្នុងពួកគេវិញ
47. កាលព្រះយេស៊ូវបានជ្រាបគំនិតក្នុងចិត្តគេហើយ នោះទ្រង់យកក្មេងតូច១មកដាក់នៅជិតទ្រង់
48. រួចមានព្រះបន្ទូលថា អ្នកណាដែលទទួលក្មេងតូចនេះ ដោយនូវឈ្មោះខ្ញុំ នោះឈ្មោះថាទទួលខ្ញុំ ហើយអ្នកណាដែលទទួលខ្ញុំ នោះឈ្មោះថាទទួលព្រះដែលចាត់ឲ្យខ្ញុំមកដែរ ព្រោះអ្នកណាដែលតូចជាងគេ ក្នុងពួកអ្នករាល់គ្នា គឺអ្នកនោះហើយ ជាអ្នកធំវិញ
49. យ៉ូហានទូលឆ្លើយថា លោកគ្រូ យើងខ្ញុំបានឃើញមនុស្សម្នាក់កំពុងតែដេញអារក្ស ដោយឈ្មោះលោក តែយើងខ្ញុំបានឃាត់ដល់អ្នកនោះ ដោយព្រោះគេមិនតាមយើងរាល់គ្នា
50. នោះព្រះយេស៊ូវមានព្រះបន្ទូលទៅគាត់ថា កុំឃាត់គេឡើយ ដ្បិតអ្នកណាដែលមិនទាស់នឹងយើង នោះកាន់ខាងយើងហើយ។
51. កាលជិតដល់កំណត់ ដែលទ្រង់ត្រូវឡើងទៅស្ថានសួគ៌ នោះទ្រង់តម្រង់ព្រះភ័ក្ត្រ យាងឆ្ពោះត្រង់ទៅឯក្រុងយេរូសាឡឹមតែម្តង
52. ទ្រង់ចាត់ប្រើអ្នកខ្លះឲ្យទៅជាមុន គេក៏ទៅ ហើយបានចូលទៅក្នុងភូមិ១របស់សាសន៍សាម៉ារី ដើម្បីនឹងរៀបចំថ្វាយទ្រង់
53. តែពួកភូមិនោះមិនទទួលទ្រង់ទេ ពីព្រោះទ្រង់ដូចជាមានព្រះភ័ក្ត្រឆ្ពោះត្រង់យាងទៅឯក្រុងយេរូសាឡឹម
54. កាលយ៉ាកុប និងយ៉ូហាន ជាសិស្សទ្រង់ បានឃើញដូច្នោះ នោះក៏ទូលថា ព្រះអម្ចាស់អើយ តើទ្រង់សព្វព្រះហឫទ័យ ឲ្យយើងខ្ញុំហៅភ្លើងឲ្យធ្លាក់ពីលើមេឃមកបញ្ឆេះគេ ដូចជាលោកអេលីយ៉ាបានធ្វើដែរឬអី
55. តែទ្រង់បែរទៅបន្ទោសគេថា អ្នករាល់គ្នាមិនដឹងជាមានវិញ្ញាណបែបយ៉ាងណាទេ
56. ពីព្រោះកូនមនុស្សមិនមែនមក ប៉ងនឹងបំផ្លាញជីវិតមនុស្សទេ គឺមក ដើម្បីនឹងជួយសង្គ្រោះវិញ រួចក៏នាំគ្នាទៅឯភូមិមួយទៀតទៅ។
57. កាលកំពុងតែទៅតាមផ្លូវ នោះមានម្នាក់ទូលទ្រង់ថា ព្រះអម្ចាស់អើយ ទូលបង្គំនឹងតាមទ្រង់ ទោះបើទ្រង់យាងទៅក្នុងទីណាក៏ដោយ
58. ព្រះយេស៊ូវមានព្រះបន្ទូលតបថា កញ្ជ្រោងមានរូងវា ហើយសត្វហើរលើអាកាសក៏មានសំបុកដែរ តែកូនមនុស្សគ្មានកន្លែងណានឹងកើយក្បាលទេ
59. ទ្រង់មានព្រះបន្ទូលទៅម្នាក់ទៀតថា ចូរមកតាមខ្ញុំ អ្នកនោះទូលឆ្លើយថា ព្រះអម្ចាស់អើយ សូមទ្រង់អនុញ្ញាតឲ្យទូលបង្គំទៅកប់ខ្មោចឪពុកទូលបង្គំសិន
60. តែទ្រង់មានព្រះបន្ទូលទៅអ្នកនោះថា ទុកឲ្យពួកមនុស្សស្លាប់កប់ខ្មោចពួកគេចុះ ឯអ្នក ចូរទៅផ្សាយដំណឹងពីនគរព្រះវិញ
61. មានម្នាក់ទៀតទូលថា ព្រះអម្ចាស់អើយ ទូលបង្គំនឹងតាមទ្រង់ទៅដែរ តែសូមអនុញ្ញាតឲ្យទូលបង្គំទៅលាពួកផ្ទះទូលបង្គំសិន
62. ទ្រង់មានព្រះបន្ទូលទៅអ្នកនោះថា អ្នកណាដែលដាក់ដៃកាន់នង្គ័ល ហើយងាកបែរទៅមើលក្រោយ អ្នកនោះមិនគួរនឹងនគរព្រះទេ។
About លូកា Chapter 9
Read លូកា Chapter 9 online from the Holy Bible. This chapter is part of the Book of លូកា in the New Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: លូកា
Chapter: 9
Testament: New Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading លូកា. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading លូកា Chapter 9 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is លូកា Chapter 9?
លូកា Chapter 9 is part of the Book of លូកា in the Holy Bible.
Can I read this chapter online?
Yes. You can read the complete លូកា Chapter 9 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាថ្មី
- ថែស្សាឡូនីច ទី ១ Chapter 2
- ភីលីព Chapter 1
- លូកា Chapter 11
- ហេព្រើរ Chapter 13
- ហេព្រើរ Chapter 1
- ថែស្សាឡូនីច ទី ១ Chapter 1
- ភីលីព Chapter 3
Explore More from លូកា
- លូកា Chapter 5
- លូកា Chapter 18
- លូកា Chapter 21
- លូកា Chapter 7
- លូកា Chapter 2
- លូកា Chapter 3
- លូកា Chapter 8