Read លូកា Chapter 11 Online
Read លូកា Chapter 11 online from the Holy Bible. This chapter is part of the Book of លូកា in the New Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of លូកា and the Holy Bible online.
Choose a Chapter
លូកា 11
ជំពូក 11
1. ក្រោយមក កាលទ្រង់កំពុងតែអធិស្ឋាននៅកន្លែង១ លុះទ្រង់ឈប់ហើយ នោះសិស្សម្នាក់ទូលថា ព្រះអម្ចាស់អើយ សូមទ្រង់បង្រៀនយើងខ្ញុំ ឲ្យចេះអធិស្ឋានផង ដូចជាលោកយ៉ូហានបានបង្រៀនដល់សិស្សលោកដែរ
2. ទ្រង់ក៏មានព្រះបន្ទូលទៅគេថា កាលណាអ្នករាល់គ្នាអធិស្ឋាន នោះត្រូវថា ឱព្រះវរបិតានៃយើងខ្ញុំ ដែលគង់នៅស្ថានសួគ៌អើយ សូមឲ្យព្រះនាមទ្រង់បានបរិសុទ្ធ សូមឲ្យរាជ្យទ្រង់បានមកដល់ សូមឲ្យព្រះហឫទ័យទ្រង់ បានសម្រេច នៅផែនដី ដូចនៅស្ថានសួគ៌ដែរ
3. សូមប្រទានអាហារ ដែលយើងខ្ញុំត្រូវការ មកជារាល់ថ្ងៃ
4. សូមអត់ទោសបាបយើងខ្ញុំ ដ្បិតយើងខ្ញុំក៏អត់ទោស ដល់អស់អ្នកដែលធ្វើខុសនឹងយើងខ្ញុំដែរ ហើយសូមកុំនាំយើងខ្ញុំទៅក្នុងសេចក្ដីល្បួងឡើយ តែសូមប្រោសឲ្យយើងខ្ញុំបានរួចពីសេចក្ដីអាក្រក់វិញ។
5. ទ្រង់ក៏មានព្រះបន្ទូលទៅគេថា ក្នុងពួកអ្នករាល់គ្នា បើអ្នកណាមានមិត្តសំឡាញ់ម្នាក់ ហើយទៅនិយាយនឹងអ្នកនោះ ទាំងពាក់កណ្តាលអធ្រាត្រថា សំឡាញ់អើយ សូមឲ្យអញខ្ចីនំបុ័ង៣ដុំសិន
6. ដ្បិតមានសំឡាញ់អញម្នាក់ មានដំណើរមកឯផ្ទះ អញគ្មានអ្វីទទួលគេសោះ
7. តែអ្នកនោះនឹងឆ្លើយពីក្នុងផ្ទះមកថា កុំមករំខានចិត្តអញអី ព្រោះទ្វារបិទហើយ កូនអញក៏ដេកនៅគ្រែជាមួយនឹងអញផង អញក្រោកទៅយកឲ្យឯងពុំបានទេ
8. ខ្ញុំប្រាប់អ្នករាល់គ្នាថា ទោះបើអ្នកនោះមិនក្រោកឡើង យកទៅឲ្យ ដោយព្រោះជាសំឡាញ់ក៏ដោយ គង់តែនឹងក្រោកឡើងយកឲ្យ តាមអ្នកនោះត្រូវការជាមិនខាន ដោយព្រោះអ្នកនោះចេះតែទទូចអង្វរជានិច្ច
9. បានជាខ្ញុំប្រាប់អ្នករាល់គ្នាថា ចូរសូម នោះតែងនឹងឲ្យមកអ្នក ចូររក នោះតែងនឹងឃើញ ចូរគោះ នោះតែងនឹងបើកឲ្យអ្នក
10. ដ្បិតអស់អ្នកដែលសូម នោះរមែងបាន អ្នកណាដែលរក នោះរមែងឃើញ ក៏បើកឲ្យអ្នកណាដែលគោះដែរ
11. ឯអ្នករាល់គ្នាដែលជាឪពុក បើកូនសូមនំបុ័ង តើអ្នកណានឹងឲ្យថ្មទៅវា ឬបើសូមត្រី តើនឹងឲ្យពស់វិញឬ
12. បើវាសូមពងមាន់ តើនឹងឲ្យខ្យាដំរីឬអី
13. បើអ្នករាល់គ្នាដែលជាមនុស្សអាក្រក់ អ្នកចេះឲ្យរបស់ល្អទៅកូនយ៉ាងដូច្នេះ នោះចំណង់បើព្រះវរបិតា ដែលគង់ស្ថានសួគ៌ តើទ្រង់នឹងប្រទានព្រះវិញ្ញាណបរិសុទ្ធ មកអស់អ្នកដែលសូម ជាជាងអម្បាលម៉ានទៅទៀត។
14. គ្រានោះ ទ្រង់កំពុងតែដេញអារក្សគពីមនុស្សម្នាក់ កាលវាបានចេញទៅបាត់ហើយ នោះមនុស្សគក៏និយាយឡើងបាន ហើយបណ្តាមនុស្សគេកើតមានសេចក្ដីអស្ចារ្យ
15. តែខ្លះនិយាយថា អ្នកនេះដេញអារក្សដោយសារតែបេលសេប៊ូល ជាមេអារក្សទេ
16. អ្នកខ្លះទៀតល្បងទ្រង់ ដោយសូមទីសម្គាល់១មកពីលើមេឃ
17. តែទ្រង់ជ្រាបគំនិតគេ ក៏មានព្រះបន្ទូលថា អស់ទាំងនគរណាដែលបែកខ្ញែកទាស់តែគ្នាឯង នោះនឹងត្រូវវិនាសទៅ ហើយផ្ទះណាដែលទាស់ទែងគ្នាឯង នោះនឹងត្រូវរលំទៅជាមិនខាន
18. បើសាតាំងបែកទាស់គ្នាវាហើយ នោះធ្វើដូចម្តេចឲ្យនគរវានៅស្ថិតស្ថេរបាន នេះព្រោះដ្បិតអ្នករាល់គ្នាថា ខ្ញុំដេញអារក្ស ដោយអាងបេលសេប៊ូល
19. បើសិនជាខ្ញុំដេញអារក្ស ដោយអាងបេលសេប៊ូលមែន នោះតើកូនចៅអ្នករាល់គ្នាដេញវា ដោយសារអ្វីវិញ ដូច្នេះ វារាល់គ្នានឹងធ្វើជាចៅក្រមជំនុំជម្រះអ្នករាល់គ្នាហើយ
20. ប៉ុន្តែ បើខ្ញុំដេញអារក្ស ដោយសារអង្គុលីព្រះហស្តនៃព្រះវិញ នោះច្បាស់ជានគរព្រះបានមកដល់អ្នករាល់គ្នាហើយ
21. កាលណាមនុស្សខ្លាំងពូកែកាន់គ្រឿងអាវុធ ប្រុងប្រៀបនឹងការពារផ្ទះរបស់ខ្លួន នោះទ្រព្យសម្បត្តិក៏បានគង់វង់នៅ
22. តែបើមានមនុស្សខ្លាំងជាង មកបង្គ្របឲ្យឈ្នះគាត់កាលណា នោះក៏ដណ្តើមយក អស់ទាំងគ្រឿងអាវុធ ដែលគាត់ទុកចិត្តនោះចេញ រួចប្លន់យករបឹបទៅចែកគ្នាវិញ
23. អ្នកណាដែលមិននៅខាងខ្ញុំ អ្នកនោះគឺទាស់នឹងខ្ញុំ ហើយអ្នកណាដែលមិនប្រមូលមកខាងខ្ញុំ អ្នកនោះឈ្មោះថាជាអ្នកកម្ចាត់កម្ចាយវិញ
24. កាលណាអារក្សអសោចបានចេញពីមនុស្សណា នោះវាដើរកាត់កន្លែងហួតហែង ទៅរកទីឈប់សម្រាក តែដោយរកមិនបានសោះ បានជាវាគិតថា អញនឹងត្រឡប់ទៅឯផ្ទះអញវិញ ដែលទើបនឹងចេញមកនោះ
25. រួចកាលណាវាមកដល់ ឃើញផ្ទះបោសស្អាត ហើយបានតុបតែងយ៉ាងល្អ
26. នោះវាក៏ចេញទៅនាំយកអារក្ស៧ទៀត ដែលកាចៗ ជាងវា ចូលទៅនៅទីនោះផង ហើយសណ្ឋានក្រោយរបស់មនុស្សនោះក៏រឹងរឹតតែអាក្រក់ជាងមុនទៅទៀត។
27. កាលទ្រង់កំពុងតែមានព្រះបន្ទូលសេចក្ដីទាំងនេះនៅឡើយ នោះមានស្ត្រីម្នាក់ស្រែកឡើងពីក្នុងហ្វូងមនុស្សថា មានពរហើយ ផ្ទៃណាដែលបានរក្សាលោក ហើយដោះណាដែលលោកបានបៅ
28. តែទ្រង់មានព្រះបន្ទូលតបថា ស៊ូថាដូច្នេះវិញ មានពរហើយ អស់អ្នកដែលស្តាប់ព្រះបន្ទូល ហើយកាន់តាម។
29. កាលណោះ មានមនុស្សប្រជុំគ្នាតាន់តាប់ជាខ្លាំង ហើយទ្រង់ចាប់តាំងមានព្រះបន្ទូលថា មនុស្សដំណនេះអាក្រក់ណាស់ គេរកតែទីសម្គាល់ទេ តែគ្មានទីសម្គាល់ណានឹងបានប្រទានមកគេ ក្រៅពីទីសម្គាល់នៃហោរាយ៉ូណាសឡើយ
30. ពីព្រោះ ដូចជាលោកយ៉ូណាសជាទីសម្គាល់ដល់មនុស្សនៅក្រុងនីនីវេយ៉ាងណា នោះកូនមនុស្សក៏នឹងបានជាទីសម្គាល់ ដល់មនុស្សដំណនេះយ៉ាងដូច្នោះដែរ
31. នៅថ្ងៃជំនុំជម្រះ មហាក្សត្រីស្រុកខាងត្បូង នឹងឈរឡើងជំនុំជម្រះមនុស្សដំណនេះ ហើយនិងកាត់ទោសឲ្យផង ពីព្រោះព្រះនាងបានយាងមកពីចុងផែនដី ដើម្បីនឹងស្តាប់ចំណេះហ្លួងសាឡូម៉ូន ហើយមើលនៅទីនេះមាន១អង្គដ៏វិសេសលើសជាងហ្លួងសាឡូម៉ូនទៅទៀត
32. នៅថ្ងៃជំនុំជម្រះ មនុស្សនៅក្រុងនីនីវេនឹងឈរឡើងជំនុំជម្រះមនុស្សដំណនេះ ហើយនិងកាត់ទោសឲ្យផង ពីព្រោះគេបានប្រែចិត្ត ដោយសារពាក្យលោកយ៉ូណាសប្រដៅ ហើយមើលនៅទីនេះមាន១អង្គដ៏វិសេស លើសជាងលោកយ៉ូណាសទៅទៀត។
33. គ្មានអ្នកណាដែលអុជចង្កៀង យកទៅដាក់នៅទីកំបាំង ឬគ្របនឹងថាំងឡើយ គេតែងដាក់លើជើងចង្កៀងវិញ ដើម្បីឲ្យអស់អ្នកដែលចូល បានឃើញពន្លឺភ្លឺ
34. ឯចង្កៀងរូបកាយ គឺជាភ្នែក ដូច្នេះ កាលណាភ្នែកអ្នកល្អ នោះរូបកាយអ្នកទាំងមូលនឹងបានភ្លឺដែរ តែកាលណាភ្នែកអាក្រក់ នោះរូបកាយអ្នកនឹងងងឹតវិញ
35. ដូច្នេះ ចូរប្រយ័ត ក្រែងពន្លឺដែលនៅក្នុងខ្លួនអ្នក ជាសេចក្ដីងងឹតវិញ
36. បើសិនជារូបកាយអ្នកទាំងមូលបានភ្លឺ ឥតមានងងឹតត្រង់ណាសោះ នោះនឹងបានភ្លឺទាំងអស់ ដូចកាលចង្កៀងបំភ្លឺអ្នកដែរ។
37. កាលទ្រង់កំពុងតែមានព្រះបន្ទូលនៅឡើយ នោះមានពួកផារីស៊ីម្នាក់ ទូលសូមទ្រង់ឲ្យយាងទៅសោយជាមួយ ទ្រង់ក៏យាងចូលទៅគង់នៅតុ
38. កាលអ្នកផារីស៊ីនោះបានឃើញ ក៏នឹកប្លែកណាស់ ដែលទ្រង់មិនបានលាងព្រះហស្តមុននឹងសោយ
39. ប៉ុន្តែ ព្រះអម្ចាស់មានព្រះបន្ទូលទៅគាត់ថា ឯអ្នករាល់គ្នា ជាពួកផារីស៊ី អ្នករាល់គ្នាលាងចានលាងថាសតែខាងក្រៅទេ តែចំណែកខាងក្នុងរបស់អ្នករាល់គ្នា មានពេញដោយការឆស៊ី និងអំពើអាក្រក់វិញ
40. ឱមនុស្សល្ងីល្ងើអើយ ព្រះដែលបង្កើតខាងក្រៅ តើមិនបានបង្កើតខាងក្នុងដែរទេឬអី
41. ត្រូវឲ្យទានពីរបស់ដែលនៅខាងក្នុងវិញ នោះគ្រប់ទាំងអស់នឹងស្អាតដល់អ្នករាល់គ្នា
42. តែវេទនាដល់អ្នករាល់គ្នា ពួកផារីស៊ីអើយ ដ្បិតអ្នករាល់គ្នាតែងថ្វាយ១ភាគក្នុង១០ ទាំងជីរអង្កាម ជីរលីងលាក់ និងបន្លែគ្រប់មុខ តែលះចោលសេចក្ដីយុត្តិធម៌ និងសេចក្ដីស្រឡាញ់នៃព្រះវិញ គួរតែឲ្យអ្នករាល់គ្នាបានប្រព្រឹត្តសេចក្ដីទាំងនេះវិញ ហើយឥតចោលការខាងដើមនោះផង
43. វេទនាដល់អ្នករាល់គ្នា ពួកផារីស៊ីអើយ ដ្បិតអ្នករាល់គ្នាចូលចិត្តនឹងកន្លែងមុខគេក្នុងសាលាប្រជុំ ហើយឲ្យគេគំនាប់ខ្លួននៅទីផ្សារ
44. វេទនាដល់អ្នករាល់គ្នា ពួកអាចារ្យ និងពួកផារីស៊ី ជាអ្នកមានពុតអើយ ដ្បិតអ្នករាល់គ្នាដូចជាផ្នូរខ្មោច ដែលមើលមិនឃើញ ហើយមនុស្សដើរជាន់ឥតដឹងទេ។
45. មានអ្នកប្រាជ្ញច្បាប់ម្នាក់ឆ្លើយឡើងថា លោកគ្រូ ដែលលោកមានប្រសាសន៍យ៉ាងនេះ នោះឈ្មោះថាត្មះតិះដៀលដល់ពួកយើងខ្ញុំហើយ
46. ទ្រង់មានព្រះបន្ទូលឆ្លើយថា វេទនាដល់អ្នករាល់គ្នា ដែលជាអ្នកប្រាជ្ញច្បាប់ដែរ ដ្បិតអ្នករាល់គ្នាដាក់បន្ទុកយ៉ាងធ្ងន់ ដែលពិបាកទទួល ទៅលើមនុស្ស តែខ្លួនអ្នករាល់គ្នាមិនព្រមទាំងយកម្រាមដៃ១ឆ្កឹះបន្ទុកនោះផង
47. វេទនាដល់អ្នករាល់គ្នា ដ្បិតអ្នករាល់គ្នាធ្វើម៉ុងឲ្យពួកហោរា ដែលពួកអយ្យកោអ្នករាល់គ្នាបានសម្លាប់បង់
48. ដូច្នេះ អ្នករាល់គ្នាធ្វើបន្ទាល់ថា អ្នករាល់គ្នាយល់ព្រមតាមការ ដែលពួកអយ្យកោបានធ្វើហើយនោះ ដ្បិតពួកអយ្យកោបានសម្លាប់គេមែន ហើយអ្នករាល់គ្នាធ្វើម៉ុងឲ្យដែរ
49. ដោយហេតុនោះបានជាប្រាជ្ញានៃព្រះបានសម្ដែងថា អញចាត់ពួកហោរា ហើយពួកសាវកទៅឯគេ គេនឹងសម្លាប់ខ្លះ ហើយបណ្តេញខ្លះ
50. ដើម្បីឲ្យឈាមរបស់ពួកហោរាទាំងអស់ ដែលបានខ្ចាយ តាំងពីកំណើតលោកីយ៍រៀងមកនោះ បានត្រូវទារពីមនុស្សដំណនេះវិញ
51. គឺចាប់តាំងពីឈាមរបស់អេបិល ទៅដល់ឈាមរបស់សាការី ដែលគេសម្លាប់ នៅកណ្តាលអាសនៈ និងវិហារផង អើ ខ្ញុំប្រាប់ថា ឈាមទាំងនោះនឹងត្រូវទារពីមនុស្សដំណនេះវិញ
52. វេទនាដល់អ្នករាល់គ្នា ពួកប្រាជ្ញច្បាប់អើយ ដ្បិតអ្នករាល់គ្នាបានដកកូនសោនៃចំណេះចេញទៅហើយ ខ្លួនអ្នករាល់គ្នាមិនបានចូល ហើយក៏ហាមឃាត់ដល់ពួកអ្នក ដែលកំពុងតែរកចូល មិនឲ្យគេចូលដែរ។
53. កាលទ្រង់មានព្រះបន្ទូលសេចក្ដីទាំងនោះ ដល់គេរួចហើយ នោះពួកអាចារ្យ និងពួកផារីស៊ី គេចាប់តាំងជំរុញទ្រង់ជាខ្លាំងពន់ពេក ឲ្យមានព្រះបន្ទូលពីសេចក្ដីជាច្រើនទៅទៀត
54. ដោយចាំពិនិត្យពិចារណាមើលទាំងរកហេតុនឹងចាប់ព្រះបន្ទូលពីព្រះឱស្ឋទ្រង់ ដើម្បីឲ្យបានរឿងចោទប្រកាន់ទ្រង់។
About លូកា Chapter 11
Read លូកា Chapter 11 online from the Holy Bible. This chapter is part of the Book of លូកា in the New Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: លូកា
Chapter: 11
Testament: New Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading លូកា. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading លូកា Chapter 11 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is លូកា Chapter 11?
លូកា Chapter 11 is part of the Book of លូកា in the Holy Bible.
Can I read this chapter online?
Yes. You can read the complete លូកា Chapter 11 online for free with easy chapter navigation.
More Chapters from ព្រះគម្ពីរសញ្ញាថ្មី
- ថែស្សាឡូនីច ទី ១ Chapter 2
- ភីលីព Chapter 1
- ហេព្រើរ Chapter 13
- ហេព្រើរ Chapter 1
- ថែស្សាឡូនីច ទី ១ Chapter 1
- ភីលីព Chapter 3
- ហេព្រើរ Chapter 10
Explore More from លូកា
- លូកា Chapter 13
- លូកា Chapter 2
- លូកា Chapter 15
- លូកា Chapter 19
- លូកា Chapter 1
- លូកា Chapter 6
- លូកា Chapter 10